សុន្ទរកថា​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធប្រព្រឹត្តកម្ម​ទឹកស្អាត

សុន្ទរកថា​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធប្រព្រឹត្តកម្ម​ទឹកស្អាត

សុន្ទរកថា​

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធប្រព្រឹត្តកម្ម​ទឹកស្អាត

ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យាថ្មី UF-MEMBRANE

នៅអង្គភាពរដ្ឋាករទឹកខេត្តកំពត

ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២២

 

«សូមគោរព

- ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត

- ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត

- ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរ

- ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ស្រុក ក្រុង មន្ទីរ អង្គភាព

ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទនៃខេត្តកំពត និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ

- លោកឧកញ៉ា លី ហុងស៊ីន អគ្គនាយកក្រុមហ៊ុន XIN HOUR LONG WATER INDUSTRY (CAMBODIA) CO., LTD.

- លោកបណ្ឌិត CAI YUNLONG តំណាងក្រុមហ៊ុន MICRO PURIFICATION SCIENCE & TECHNOLOGY (CAMBODIA) CO., LTD. រួមទាំងសហការី​

- លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ក្មួយៗ សិស្សានុសិស្ស ដែលបានចូលរួមក្នុងឱកាសនេះ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមជាអធិបតី ក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធប្រព្រឹត្តកម្ម​ទឹកស្អាត ដោយ​ប្រើប្រាស់​បច្ចេកវិទ្យាថ្មី UF-MEMBRANE សមត្ថភាព ៥ពាន់ម៉ែត្រគូប/ថ្ងៃ នៃអង្គភាពរដ្ឋាករទឹកខេត្តកំពត។ ខ្ញុំសូមអរគុណចំពោះវត្តមានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលនៃ​គណៈអភិបាលខេត្តកំពត ឯកឧត្តម លោកជំទាវ គណៈអធិបតី រួមទាំងភ្ញៀវជាតិ អន្តរជាតិ និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់កិត្តិយសអញ្ជើញមានវត្តមានដោយផ្ទាល់នៅកន្លែងប្រារព្ធពិធី ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីស្ថានការណ៍នៃជំងឺឆ្លងសកលកូវីដ-១៩ មានសភាពធូរស្រាលជាងមុន និងស្ថិតក្រោមការគ្រប់គ្រងបាន ដែលញ៉ាំងឱ្យដំណើរការនៃអង្គពិធីរបស់យើងប្រព្រឹត្តទៅក្នុង​លក្ខណៈ​សមរម្យ អធិកអធម គួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ជូនចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋរបស់យើង​នៅខេត្តកំពតទាំង​អស់ ដែលបានខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ រក្សាការពារស្ថិរភាពសង្គម ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ។ ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី បាន​ក្រើន​រំលឹក​ដល់បងប្អូន​ប្រជាពលរដ្ឋ ​ឱ្យបន្តការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ហើយនិង​យក​ចិត្តទុកដាក់ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ រួមគ្នាបង្កាការពារ​ការ​ឆ្លង​មេរោគ​កូវីដ-១៩ ដើម្បីកុំឱ្យព្រឹត្តិការណ៍នៃការឆ្លងទ្រង់ទ្រាយធំចូលក្នុងសហគមន៍ដូចពេលមុន កើតឡើងជាថ្មីឱ្យសោះ។

​ក្រោយពីបានស្តាប់នូវរបាយការណ៍សង្ខេបរបស់ បណ្ឌិត CAI YUNLONG ស្តីពីការសាងសង់ និងដំណើរការប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី UF-MEMBRANE ដែល​បាន​ដំឡើង​នៅ​អង្គភាព​រដ្ឋាករទឹកខេត្តកំពត​រួចមក ខ្ញុំ​បាន​កត់​សម្គាល់ឃើញ​ការ​ផលិត​ទឹកស្អាតដោយប្រើប្រព័ន្ធបច្ចេកវិទ្យានេះ​ គឺបានទឹកស្អាតដែលមាន​គុណភាពខ្ពស់ និងដែល​អាច​ពិសាបាន ដោយ​មាន​ការ​គ្រប់គ្រងតាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម ត្រួតពិនិត្យ​ទៅលើ​គុណភាព​ទឹកនៅ​ពេល​ដែល​បញ្ជូន​ទឹកចេញទៅផ្គត់​ផ្គង់​ដល់​ប្រជាពលរដ្ឋ។ ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដែលដាក់ឱ្យដំណើរការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលក្រសួង ក៏ដូចជាមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានខិតខំបង្កើតឡើងទៅតាមទិសដៅដែលបានដាក់ចេញតាំងពីមុនឆ្នាំ២០២១ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងផ្នែកឯកជន។ ប៉ុន្តែ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ បានធ្វើឱ្យពេលវេលានៃការអនុវត្តគម្រោងជួបឧបសគ្គនិងយឺតជាងការគ្រោងទុកបន្តិច។

- គណៈអធិបតី និងអង្គពិធីទាំងមូលជាទីមេត្រី !

ខ្ញុំសូមយកឱកាសនេះ រំលឹកឡើងវិញនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រឱ្យប្រើប្រាស់ពាក្យស្លោក «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងនោះ ប្រភពទឹកក៏នឹងត្រូវប្រើប្រាស់ “ជាប្រភពពហុបំណង” ផងដែរ។ ក្នុងន័យនេះ ការអភិវឌ្ឍវិស័យទឹកស្អាត គឺជាការចាំបាច់ដែលត្រូវមានការចូលរួមសហការអនុវត្តយ៉ាងសកម្មពីក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត អង្គភាពជំនាញ អាជ្ញាធរ​មូលដ្ឋាន និងប្រជាជនគ្រប់ជាន់ថ្នាក់ដែលមានការពាក់ព័ន្ធ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំណត់ថា៖ «ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ “ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»។

ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលមានសុខសន្តិភាពពេញលេញ និងកំពុងមានស្ថិរភាពល្អ។ ផ្តើមចេញពីស្ថានភាពនៃស្ថិរភាពសង្គមនិងនយោបាយនេះ បានផ្តល់ភាពអំណោយផល និងភាពអនុគ្រោះដល់ការអភិវឌ្ឍលើគ្រប់វិស័យ ដែលក្នុងនោះ រួមទាំងវិស័យឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទឹកស្អាតផងដែរ។ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដ៏សំខាន់មួយ ដែលបាននិងកំពុងរួមចំណែកដល់ការរក្សាកំណើន​សេដ្ឋកិច្ចជាតិ បើទោះស្ថិតក្នុងស្ថានភាព​នៃ​ការឆ្លងរាលដាលជំងឺកូវីដ-១៩ តែកម្ពុជាអាចនៅមានកំណើនក្នុងរង្វង់ប្រមាណជា ៣% ក្នុងដំណាក់កាលនេះ។

តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តែងទទួលបានការគាំទ្រ និងការបង្កលក្ខណៈពីរាជរដ្ឋាភិបាល ដោយបានខិតខំជំរុញឱ្យមានការផ្តល់ទុនវិនិយោគ​ជាច្រើន​រយលាន​ដុល្លារ សម្រាប់ការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែម នៅតាមបណ្តាទីរួមខេត្ត និងទីប្រជុំជនផ្សេងទៀត​នៅទូទាំងប្រទេ​ស តាមរយៈហិរញ្ញប្បទានពីដៃគូ​អភិវឌ្ឍន៍ ពីថវិកាជាតិ និងការចូលរួមចំណែកពីផ្នែកឯកជន, ធ្វើឱ្យវិស័យទឹកស្អាតមានការអភិវឌ្ឍ​យ៉ាង​ធំធេង ចាប់តាំងពីស្ទើរតែគ្មានអ្វីនោះ មកជាការផ្គត់ផ្គង់មួយដល់ចំនួនរយលានម៉ែត្រគូប និងគ្របដណ្តប់នៅគ្រប់ទីប្រជុំជនជិតឆ្ងាយ រួមទាំងតំបន់ជនបទមួយចំនួនទៀត។ ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ២០២១ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់មានប្រមាណជាង ១.០៩១.៨៦៩ គ្រួសារ គឺកើនឡើង ១១,៨% ធៀបនឹងឆ្នាំ២០២០ ដែលមានប្រមាណតែ ៩៧៦.៦២១ គ្រួសារ ជាមួយបរិមាណផ្គត់ផ្គង់ទឹកស្អាតចំនួន ៣៨៣.១៣៤.២៤៣ ម៉ែត្រគូប គឺមានការកើនឡើងចំនួន ៥.០៧៨.៣០៣ម៉ែត្រគូប បើធៀបនឹងឆ្នាំ២០២០។

ក្នុងការឆ្លើយតបទៅនឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​ បាន​ខិតខំ​ស្វែង​រកដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនដែលមាន​បច្ចេកវិទ្យា​ថ្មីមកសហការ​​ក្នុង​ការ​ផលិត​ទឹកស្អាត​ ដើម្បី​បំពេញ​តម្រូវ​ការ​នៃការប្រើប្រាស់ប្រជាពលរដ្ឋ។

ជាក់ស្តែង ក្រសួង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន XIN HOUR LONG WATER INDUSTRY (CAMBODIA) CO., LTD និង MICRO PURIFICATION SCIENCE & TECHNOLOGY (CAMBODIA) CO.,LTD ធ្វើការដំឡើងនូវប្រព័ន្ធប្រព្រឹត្តកម្ម​ទឹកស្អាត ដោយប្រើប្រាស់ប្រព័ន្ធ​បច្ចេក​វិទ្យាទំនើប UF-MEMBRANE ដែលមានសមត្ថភាពផលិត ៥.០០០ម៉ែត្រគូប/ថ្ងៃ បន្ថែមលើអាងប្រព្រឹត្តកម្មមានស្រាប់​​ក្នុង​សមត្ថភាពផលិត​ ១៣.៥០០ម៉ែត្រគូប/ថ្ងៃ ដែលធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពតមាន​លទ្ធភាពបង្កើនសមត្ថភាព​ផលិតរហូតដល់ ១៨.៥០០ម៉ែត្រគូប/ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ប្រមាណ ១៣.៥៧៥គ្រួសារ ស្មើនឹងប្រមាណ៨២,៣៦% នៃតំបន់សេវាកម្មរបស់ខ្លួនក្នុងក្រុងកំពត (៥សង្កាត់), ក្រុងបូកគោ (១សង្កាត់) និងមួយផ្នែកទៀតនៃស្រុកទឹកឈូ (៦ឃុំ)។​ ដោយសារមានប្រព័ន្ធថ្មីនេះ ទើបជួយបង្កើនសមត្ថភាពអង្គភាពរដ្ឋាករទឹកខេត្តកំពតបានមួយកម្រិតថែមទៀត ដែលបានជួយសម្រាលមួយផ្នែកនៃបញ្ហាកង្វះទឹកស្អាត ជាពិសេសនៅរដូវប្រាំង។ បន្ថែមពីនេះទៀត អង្គភាពរដ្ឋាករទឹកខេត្តកំពតនឹងធ្វើការលក់ទឹកដុំជូនដល់ Kampot Port សម្រាប់ធ្វើការផ្គត់ផ្គង់ក្នុងឃុំកោះតូច តំបន់ជិតៗនេះផងដែរ។ ក្រៅពីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​ ក៏មានផែនការបន្តការសហការជាមួយក្រុមហ៊ុន ក្នុងការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត ដើម្បីសម្រេចបាននូវគោលដៅឆ្នាំ២០២៥ ខាងមុខនេះ ដោយបាននិងកំពុងពិចារណាបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីបន្ថែមទៀត ស្របគ្នានឹងគម្រោងសាងសង់ទំនប់បង្ហៀរទឹកនៅព្រែកទឹកឈូ ដែលជាជំនួយរបស់ក្រុមហ៊ុន SINOHYDRO KAMCHAY HYDROELECTIC PROJECT CO., Ltd. និងការជួយសម្របសម្រួលពីក្រសួងបរិស្ថានលើបញ្ហាទីតាំងដីសម្រាប់សាងសង់។ ខ្ញុំសូមយកវេទិកានេះ ថ្លែងនូវការអរគុណជាអនេកចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន SINOHYDRO KAMCHAY HYDROELECTIC PROJECT CO., Ltd. សម្រាប់ការជួយឧបត្ថម្ភគាំទ្រនេះ។

ពាក់ព័ន្ធនឹងការផលិតទឹកស្អាត, ក្រសួង ក៏ដូចជាមន្ទីរ បានយកចិត្តទុកដាក់ផ្តល់នូវសេវា​កម្ម​​ទឹកស្អាត ប្រកបដោយទំនុកចិត្តជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពត និងសម្រាប់​ផ្គត់ផ្គង់ដល់រោងចក្រ សហគ្រាសធំៗ ទាំងក្នុងក្រុង និងតាមស្រុកនានា ដោយប្រកាន់ខ្ជាប់នូវ​គោលការណ៍ជាចម្បងគឺទឹកប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ ជាមួយគ្នានេះដែរ ខ្ញុំសូមស្នើឱ្យអាជ្ញាធរ​ខេត្ត សហការគាំទ្រ និងបង្កលក្ខណៈដល់គម្រោងអភិវឌ្ឍន៍ទឹកស្អាតនានានៅក្នុងខេត្តឱ្យដំណើរការទៅបានរលូនល្អ ព្រោះថាបញ្ហាទឹកស្អាតគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋយើងនៅក្នុងខេត្ត ហើយក៏សូមយកចិត្តទុកដាក់ចូលរួមការថែរក្សាប្រភពទឹក ទាំងបរិមាណ និងគុណភាព ដើម្បីធានាបាននូវនិរន្តរភាពក្នុងការផលិតនិងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។

ជាចុងបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម​ លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២២ សូមនាំមកនូវសិរីសួស្តី ជ័យមង្គល វិបុលសុខ សុភមង្គលគ្រប់ប្រការ ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ អ្នកគ្រូ លោកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ជាពិសេស សូមមានសុខភាពល្អរឹងមាំ ឈ្នះជំងឺកូវីដ-១៩ទាំងអស់គ្នា។

តាងនាមគណៈអធិបតី ខ្ញុំសូមប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធប្រព្រឹត្តកម្ម​ទឹកស្អាត ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យាថ្មី UF-MEMBRANE របស់រដ្ឋាករទឹកខេត្តកំពត ចាប់ពីពេលនេះតទៅ។

សូមអរគុណ!»

រូបភាពច្រើនទៀត